ព្រះត្រៃបិដក ភាគ ៧១

 ពាក្យ​ថា ក្នុង​សាសនា​នេះ គឺ​ក្នុង​ទិដ្ឋិ​នេះ ក្នុង​ចំណង់​នេះ ក្នុង​សេចក្តី​គាប់ចិត្ត​នេះ ក្នុង​សេចក្តី​ពេញចិត្ត​នេះ ក្នុង​ធម៌​នេះ ក្នុង​វិន័យ​នេះ ក្នុង​ពាក្យជា​ប្រធាន​នេះ ក្នុង​ព្រហ្មចរិយៈ​នេះ ក្នុង​សាសនា​នៃ​សាស្តា​នេះ ហេតុ​នោះ លោក​ពោល​ថា ក្នុង​សាសនា​នេះ។
 ពាក្យ​ថា ភិក្ខុ បាន​ដល់​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន​ក្តី ភិក្ខុ​ជា​សេក្ខៈ​ក្តី ជា​ព្រះអរហន្ត​មានធម៌​មិន​កម្រើក​ក្តី។
 ពាក្យ​ថា តាក់តែង​នូវ​ឫទ្ធិ បាន​ច្រើនប្រការ គឺ​តាក់តែង​នូវ​ឫទ្ធិ​មាន​ប្រការ​ផ្សេង ៗ។
 ត្រង់​ពាក្យ​ថា មនុស្សម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​នាក់ គឺ​ភិក្ខុ​តែមួយ​រូប​ទេ​ដោយ​ប្រក្រតី តែ​នឹកចង់​ឲ្យបាន​ច្រើន​រូប គឺ​នឹកចង់​ឲ្យ​ទៅជាមួយ​រយ​រូប​ក្តី មួយ​ពាន់​រូប​ក្តី មួយ​ម៉ឺន​រូប​ក្តី លុះ​នឹកចង់​ហើយ ក៏​អធិដ្ឋាន​ដោយ​ញាណ​ថា សូមឲ្យ​អាត្មាអញ​មាន​រូប​ច្រើន ក៏បាន​រូប​ច្រើន ដូច​ព្រះ​ចុល្ល​បន្ថ​កមាន​អាយុ សូម្បី​មាន​រូប​តែមួយ ក៏​ធ្វើឲ្យ​បាន​ច្រើន​រូប ឯភិក្ខុ​ដែល​មាន​ឫទ្ធិ​ដល់​នូវ​ការ​ស្ទាត់ជំនាញ​ក្នុងចិត្ត​នោះ សូម្បី​មាន​រូប​តែមួយ ក៏​ធ្វើឲ្យ​ទៅជា​ច្រើន​រូប​បាន យ៉ាងនោះ​ឯង។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637641172403396679
ទៅកាន់ទំព័រ៖