ព្រះត្រៃបិដក ភាគ ៧១

ការ​មិន​រាយមាយ ឈ្មោះថា​សមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុ​នោះ លោក​ពោល​ថា ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចម្រើន ៤ យ៉ាង។បេ។ សំនួរ​ត្រង់​ពាក្យ​ថា មគ្គ កើតឡើង តើ​មគ្គ​កើតឡើង​ដូចម្តេច។បេ។ មគ្គ​កើតឡើង​យ៉ាងនេះ។បេ។ ភិក្ខុ​នោះ ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ ក៏​វិនាស​យ៉ាងនេះ ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន យ៉ាងនេះ​ឯង។
 [៩] ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា តើ​ដូ​ចមេ្តច។ ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អាការ ១៦ គឺ​ដោយ អត្ថ​ថា​ជា​អារម្មណ៍ ១ ដោយ​អត្ថ​ថា​ជា​គោចរ ១ ដោយ​អត្ថ​ថា​លះបង់ ១ ដោយ​អត្ថ​ថា លះ​ស្រឡះ ១ ដោយ​អត្ថ​ថា​ចេញ ១ ដោយ​អត្ថ​ថា​ប្រែត្រឡប់ ១ ដោយ​អត្ថ​ថា​ស្ងប់ ១ ដោយ​អត្ថ​ថា​ឧត្តម ១ ដោយ​អត្ថ​ថា​រួច​ស្រឡះ ១ ដោយ​អត្ថ​ថា​មិន​មាន​អាសវៈ ១ ដោយ​អត្ថ​ថា​ឆ្លង ១ ដោយ​អត្ថ​ថា​មិន​មាន​និមិត្ត ១ ដោយ​អត្ថ​ថា​មិន​មាន​ទី​តំ​កល់ ១ ដោយ​អត្ថ​ថា​សូន្យ ១ ដោយ​អត្ថ​ថា​មាន​រស​តែមួយ ១ ដោយ​អត្ថ​ថា​មិន​កន្លង​ជាប់គ្នា​ជា គូ​នឹងគ្នា ១។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637640332717952308
ទៅកាន់ទំព័រ៖