ព្រះត្រៃបិដក ភាគ ៧១
(ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចពួកមនុស្សដែលមិនមានឫទ្ធិ ដោយប្រក្រតី កាលដើរទៅមិនជាប់ជំពាក់ ក្នុងទីដែលមិនមានវត្ថុអ្វីមួយរាំងបិទបាំងឡើយ ឯភិក្ខុដែលមានឫទ្ធិ ដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងដើរ (ទំលុះ) ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំមិនទើសទាក់ ដូចគេដើរទៅក្នុងអាកាស យ៉ាងនោះឯង។
ពាក្យថា ធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹក គឺភិក្ខុដែលបាននូវសមាបត្តិ មានអាបោកសិណជាអារម្មណ៍ដោយប្រក្រតី តែងនឹកចង់ដើរក្នុងដី លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ផែនដីត្រង់ទីនេះ) ទៅជាទឹក ទីនោះក៏បានទៅជាទឹក ភិក្ខុនោះ ក៏ធ្វើនូវការងើបមុជក្នុងផែនដី ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ធ្វើនូវការងើបមុជក្នុងទឹក ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ តែងធ្វើនូវការងើបមុជក្នុងផែនដី ដូចគេងើបមុជក្នុងទឹកបាន យ៉ាងនោះឯង។
ID: 637641173181366122
ទៅកាន់ទំព័រ៖