ព្រះត្រៃបិដក ភាគ ៧១
(វត្ថុនោះ) ក៏មកតាំងនៅក្នុងទីជិតក៏បាន អធិដ្ឋាន (នូវវត្ថុ) ក្នុងទីជិតឲ្យទៅក្នុងទីឆ្ងាយថា សូមឲ្យ (វត្ថុនេះ) តាំងនៅក្នុងទីឆ្ងាយ (វត្ថុនោះ) ក៏តាំងនៅក្នុងទីឆ្ងាយក៏បាន អធិដ្ឋាននូវវត្ថុច្រើន ឲ្យទៅជាវត្ថុតិចថា សូមឲ្យវត្ថុនេះមានចំនួនតិច វត្ថុនោះក៏ទៅជាតិចក៏បាន អធិដ្ឋាននូវវត្ថុតិចឲ្យទៅជាវត្ថុច្រើនថា សូមឲ្យវត្ថុនេះទៅជាវត្ថុច្រើន វត្ថុនោះក៏ទៅជាច្រើនក៏បាន (ភិក្ខុនោះ) ឃើញច្បាស់នូវរូបនៃព្រហ្មនោះ ដោយចក្ខុដូចជាទិព្យ ឮសំឡេងនៃព្រហ្មនោះ ដោយសោតធាតុដូចជាទិព្យ ដឹងច្បាស់នូវចិត្តនៃព្រហ្មនោះ ដោយញាណជាគ្រឿងកំណត់នូវចិត្ត បើភិក្ខុមានឫទ្ធិ ដែលបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដ ក៏បង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្ត ដោយអំណាចនៃកាយ លុះបង្អោនចិត្តទៅដោយអំណាចនៃកាយ អធិដ្ឋានចិត្តដោយអំណាចនៃកាយហើយ ទើបចុះទៅកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយដ៏ប្រាកដបាន បើភិក្ខុមានឫទ្ធិបានសម្រេចនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកមានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោកដោយកាយមិនប្រាកដ ក៏បង្អោនកាយទៅ ដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្ត
ID: 637641173999021851
ទៅកាន់ទំព័រ៖