ព្រះត្រៃបិដក ភាគ ៧១
មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះដាវ នេះស្រោម ឯដាវដោយឡែក ស្រោមដោយឡែក ដាវគេហូតចេញមកអំពីស្រោមហ្នឹងឯង ពុំនោះសោត ប្រៀបដូចបុរសទាញយកពស់ចេញអំពីត្រក បុរសនោះមានសេចក្តីដឹងយ៉ាងនេះថា នេះពស់ នេះត្រក ឯពស់ដោយឡែក ត្រកដោយឡែក ពស់គេទាញចេញមកអំពីត្រកហ្នឹងឯង យ៉ាងណាមិញ ភិក្ខុនិម្មិតនូវកាយ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំតូចសព្វគ្រប់ មានឥន្រ្ទិយមិនថោកថយ ជាកាយដទៃអំពីកាយនេះ ក៏យ៉ាងនោះដែរ នេះ ឫទ្ធិសម្រេចអំពីចិត្ត។
[១៥៩] ឫទ្ធិ គឺការផ្សាយចេញនៃញាណ តើដូចម្តេច។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាទៀង ដោយការពិចារណាឃើញថាមិនទៀង ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃញាណ ព្រោះសម្រេចអត្ថនៃការលះបង់នូវសេចក្តីសំគាល់ថាជាសុខ ដោយការពិចារណាឃើញថាជាទុក្ខ
ID: 637641174994490478
ទៅកាន់ទំព័រ៖