ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ អភិសមយកថា
[១៦៦] សំនួរត្រង់ ពាក្យថា ការត្រាស់ដឹង តើបុគ្គលត្រាស់ដឹង ដោយធម្មជាតអ្វី។ បុគ្គលត្រាស់ដឹងដោយចិត្ត។ បើបុគ្គលត្រាស់ដឹងដោយចិត្ត ដូច្នោះ បុគ្គលមិនមានញាណក៏ត្រាស់ដឹង។ បុគ្គលមិនមានញាណមិនត្រាស់ដឹងទេ ត្រាស់ដឹងតែដោយញាណ។ បើបុគ្គលត្រាស់ដឹងដោយញាណ ដូច្នោះ បុគ្គលមិនមានចិត្ត ក៏ត្រាស់ដឹង។ បុគ្គលមិនមានចិត្តមិនត្រាស់ដឹងទេ ត្រាស់ដឹងដោយចិត្តផង ដោយញាណផង។ បើបុគ្គលត្រាស់ដឹងដោយចិត្តផង ដោយញាណផង ដូច្នោះបុគ្គល ត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយញាណផង។ បុគ្គលមិនត្រាស់ដឹង ដោយរូបាវចរចិត្តផង ដោយញាណផងទេ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអរូបាវចរចិត្តផង ដោយញាណផង។ បុគ្គល មិនត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណផងទេ។
ID: 637641177417615500
ទៅកាន់ទំព័រ៖