ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ សម​សីស​កថា


 [១៩៤] បញ្ញា គឺ​ការ​មិន​តាំង​ឡើង ព្រោះ​ការ​ផ្តាច់ផ្តិល​ដោយ​ប្រពៃ ព្រោះ​ការ​រលត់​នៃ​ធម៌​ទាំងពួង ឈ្មោះថា សម​សីស​ដ្ឋ​ញ្ញាណ (ញាណ​ក្នុង​អត្ថ​ថា​ស្ងប់ និង​ជា​ប្រធាន)។
 ពាក្យ​ថា ធម៌​ទាំងពួង បាន​ដល់​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ កុសលធម៌ អកុសលធម៌ អព្យាកតធម៌ កាមាវចរ​ធម៌ រូបាវចរ​ធម៌ អរូបាវចរ​ធម៌ អប​រិយា​បន្ន​ធម៌។
 ពាក្យ​ថា ការ​ផ្តាច់ផ្តិល​ដោយ​ប្រពៃ អធិប្បាយ​ថា ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​កាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​ថីនមិទ្ធៈ ដោយ​អាលោក​សញ្ញា ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​ឧទ្ធច្ចៈ ដោយ​ការ​មិន​រាយមាយ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​វិចិកិច្ឆា ដោយ​ការកំណត់​នូវ​ធម៌ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​អវិជ្ជា ដោយ​ញាណ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​សេចក្តី​មិន​ត្រេកអ ដោយ​បា​មុ​ជ្ជៈ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​នី​វរ​ណៈ​ទាំងឡាយ ដោយ​បឋមជ្ឈាន។បេ។ ផ្តាច់ផ្តិល​ដោយ​ប្រពៃ​នូវ​កិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637641210382303034
ទៅកាន់ទំព័រ៖