ព្រះត្រៃបិដក ភាគ ៧១
សមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឧត្តម។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌រួចស្រឡះ មាននិរោធជាគោចរ កាលបុគ្គលលះនូវអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិរួចស្រឡះ មាននិរោធជាគោចរដែរ បន្ទាប់មក ចេតោវិមុត្តិ ព្រោះការរសាយចេញចាករាគៈ បញ្ញាវិមុត្តិ ព្រោះការរសាយចេញចាកអវិជ្ជា (ក៏កើតមាន) សមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថារួចស្រឡះ។
ID: 637640334449983265
ទៅកាន់ទំព័រ៖