ព្រះត្រៃបិដក ភាគ ៧១
កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្តដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថាឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេពរឿយ ៗ។បេ។ បុគ្គលពួកមួយ ក្នុងលោកនេះ ពិចារណាឃើញចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈ ចិត្តរួញរា ចិត្តរាយមាយ ចិត្តដល់នូវភាពជាធំ គឺរូបាវចរ និងអរូបាវចរ ចិត្តមិនដល់នូវភាពជាធំ គឺជាកាមាវចរ ចិត្តនៅមានចិត្តដទៃប្រសើរជាង គឺនៅជាកាមាវចរ ចិត្តមិនមានចិត្តដទៃប្រសើរជាង គឺជារូបាវចរ និងអរូបាវចរ ចិត្តតាំងនៅមាំ គឺជាអប្បនាសមាធិ និងឧបចារសមាធិ ចិត្តមិនតាំងនៅមាំ គឺ ប្រាសចាកសមាធិទាំងពីរ ចិត្តរួចស្រឡះ ចិត្តមិនទាន់រួចស្រឡះ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថាមិនទៀង មិនមែនថាទៀងទេ។បេ។
ID: 637641212865272347
ទៅកាន់ទំព័រ៖