ព្រះត្រៃបិដក ភាគ ៧១
រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថាមិនទៀង រមែងលះបង់នូវសេចក្តីសំគាល់ថាទៀង។បេ។ កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញចិត្ត ដោយអាការទាំង ៧ នេះ ចិត្ត ឈ្មោះថាឧបដ្ឋាន មិនឈ្មោះថាសតិទេ ឯសតិ ឈ្មោះថា ឧបដ្ឋានផង ឈ្មោះថាសតិផង បុគ្គលពិចារណាឃើញនូវចិត្តនោះ ដោយសតិនោះ ដោយញាណនោះ ព្រោះហេតុនោះ លោកពោលថា ចិត្តេចិត្តានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ។
ពាក្យថា ភាវនា បានដល់ភាវនា ៤។បេ។ ភាវនា ដោយអត្ថថាសេព។បេ។ ភិក្ខុជាអ្នកពិចារណាឃើញនូវចិត្តក្នុងចិត្ត យ៉ាងនេះឯង។
[២០១] ជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ បុគ្គលពួកមួយ ក្នុងលោកនេះ លើកទុកកាយ លើកទុកវេទនា លើកទុកចិត្ត ហើយពិចារណាឃើញនូវធម៌ដ៏សេសសល់អំពីកាយ វេទនា និងចិត្តនោះ ថាមិនទៀង មិនមែនថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនថាជាសុខទេ ពិចារណាឃើញ ថាមិនមែនខ្លួន មិនមែនថាជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិនឲ្យកើតទេ
ID: 637641213221209543
ទៅកាន់ទំព័រ៖