ព្រះត្រៃបិដក ភាគ ៧១
[១២] ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថា មិនមានអាសវៈ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌មិនមានអាសវៈ ដោយកាមាសវៈ មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថា ឃើញរឿយ ៗ ក៏ជាគុណជាតិមិនមានអាសវៈ ដោយអវិជ្ជាសវៈ មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថា មិនមានអាសវៈ ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺ សមថៈ និងវិបស្សនា ដោយអត្ថថាមិនមានអាសវៈ។
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង តើដូចមេ្តច។ កាលបុគ្គលឆ្លងចាកកិលេស ដែលច្រឡំដោយឧទ្ធច្ចៈផង ចាកខន្ធផង ភាពនៃចិត្តមានអារម្មណតែមួយ ការមិនរាយមាយ គឺសមាធិ មាននិរោធជាគោចរ កាលបុគ្គលឆ្លងចាកកិលេស ដែលច្រឡំដោយអវិជ្ជាផង ចាកខន្ធផង វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង ជាគុណជាតិមានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាឆ្លង។
ID: 637640334761858210
ទៅកាន់ទំព័រ៖