ព្រះត្រៃបិដក ភាគ ៧១
[២០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិព្វានថា ជាទុក្ខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះមិនប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ភិក្ខុនោះ កាលមិនចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ មិនសមហេតុទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលពិចារណាឃើញព្រះនិព្វានថាជាសុខ នឹងប្រកបដោយអនុលោមិកខន្តី ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះប្រកបដោយអនុលោមិកខន្តី នឹងចុះកាន់សម្មត្តនិយាមធម៌ ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ ភិក្ខុនោះ កាលចុះកាន់សម្មត្តនិយាមធម៌ នឹងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល អរហត្តផល ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។
ID: 637641214662927943
ទៅកាន់ទំព័រ៖