ព្រះត្រៃបិដក ភាគ ៧១

 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​មិន​មាន និមិត្ត តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​នូវ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ ជា​ធម៌​មិន​មាន​និមិត្ត​ដោយ​និមិត្ត​ទាំងពួង មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​មិន​មាន​និមិត្ត ដោយ​និមិត្ត​ទាំងពួង មាន​និរោធ​ជា​គោចរ​ដែរ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​មិន​មាន​និមិត្ត ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​មិន​មាន​និមិត្ត។
 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​មិន​មាន​ទី​តម្កល់ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​នូវ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ ជា​ធម៌​មិន​មាន​ទី​តម្កល់​ដោយ​ទី​តម្កល់​ទាំងពួង មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​នូវ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​មិន​មាន​ទី​តម្កល់​ដោយ​ទី​តម្កល់​ទាំងពួង មាន​និរោធ​ជា​គោចរ​ដែរ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា មិន​មាន​ទី​តម្កល់ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា មិន​មាន​ទី​តម្កល់។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637640335044670938
ទៅកាន់ទំព័រ៖