ព្រះត្រៃបិដក ភាគ ៧១

 ពាក្យ​ថា វិសុទ្ធិ សេចក្តី​ថា បុគ្គល​កាល​លះ​កាមច្ឆន្ទៈ រមែង​បរិសុទ្ធ ដោយ​នេក្ខម្មៈ កាល​លះ​ព្យាបាទ រមែង​បរិសុទ្ធ ដោយ​អព្យាបាទ។បេ។ កាល​លះកិលេស​ទាំងពួង រមែង​បរិសុទ្ធិ ដោយ​អរហត្តមគ្គ។
 [២១១] ពាក្យ​ថា នេក្ខម្មៈ សេចក្តី​ថា ការ​រលាស់​ចេញ​នូវ​កាម គឺ​នេក្ខម្មៈ ការ​រលាស់​ចេញ​នូវ​រូប គឺ​អា​រុ​ប្បៈ ធម្មជាត​ណា​នីមួយ កើត​ហើយ ដែល​បច្ច័យ​ប្រជុំ​តាក់តែង កើត​ព្រោះ​បច្ច័យ និង​ការ​រលត់​វិញ ឈ្មោះថា​នេក្ខម្មៈ​នៃ​ធម្មជាត​នោះ អព្យាបាទ ឈ្មោះថា​នេក្ខម្មៈ​នៃ​ព្យាបាទ អាលោក​សញ្ញា ឈ្មោះថា​នេក្ខម្មៈ​នៃ​ថីនមិទ្ធៈ។បេ។
 ពាក្យ​ថា និស្សរណៈ សេចក្តី​ថា ការ​រលាស់​ចេញ​នូវ​កាម គឺ​នេក្ខម្មៈ ការ​រលាស់​ចេញ​នូវ​រូប គឺ​អា​រុ​ប្បៈ ធម្មជាត​ណា​នីមួយ​កើត​ហើយ ដែល​បច្ច័យ​ប្រជុំ​តាក់តែង កើត​ព្រោះ​បច្ច័យ និង​ការ​រលត់​វិញ ឈ្មោះ​ថា​និស្សរណៈ​នៃ​ធម្មជាត​នោះ នេក្ខម្មៈ ឈ្មោះ​ថា​និស្សរណៈ​នៃ​កាមច្ឆន្ទៈ អព្យាបាទ ឈ្មោះ​ថា​និស្សរណៈ​នៃ​ព្យាបាទ។បេ។ អរហត្តមគ្គ ឈ្មោះ​ថា​និស្សរណៈ​នៃ​កិលេស​ទាំងពួង។
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 637641219367771771
ទៅកាន់ទំព័រ៖