ព្រះត្រៃបិដក ភាគ ៧១
ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ តើដូចមេ្តច។ កាលបុគ្គលលះនូវឧទ្ធច្ចៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ ការមិនរាយមាយ គឺសមាធិ ជាធម៌សូន្យចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរ កាលបុគ្គលលះអវិជ្ជា វិបស្សនា ដោយអត្ថថាឃើញរឿយ ៗ ក៏ជាគុណជាតិសូន្យ ចាកការប្រកាន់ស្អិតទាំងពួង មាននិរោធជាគោចរដែរ សមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ ជាគុណជាតិ មានរសតែមួយ ជាប់គ្នាជាគូ មិនកន្លងនូវគ្នានឹងគ្នា ដោយប្រការដូច្នេះ ព្រោះហេតុនោះ លោកទើបពោលថា ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនា ដោយអត្ថថាសូន្យ។
ពាក្យថា ចម្រើន បានដល់ការចម្រើន ៤ យ៉ាង គឺការចម្រើនដោយអត្ថថា មិនកន្លងនូវធម៌ទាំងឡាយ ដែលកើតក្នុងសមាធិនោះ ការចម្រើន ដោយអត្ថថាឥន្រ្ទិយទាំងឡាយ មានរសតែមួយ ការចម្រើន ដោយអត្ថថានាំទៅដោយវីរិយៈ ដ៏សមគួរដល់ឥន្រ្ទិយនោះ ការចម្រើនដោយអត្ថថា ឧស្សាហ៍គប់រក។បេ។ សំនួរត្រង់ពាក្យថា មគ្គកើតឡើង តើមគ្គកើតឡើងដូចមេ្តច។បេ។ មគ្គកើតឡើង យ៉ាងនេះ។បេ។
ID: 637640335311704428
ទៅកាន់ទំព័រ៖