ចិត្តរមែងញាប់ញ័រ ដោយហេតុទាំងឡាយណា ហេតុទាំងនេះមាន ១០ គឺ ចិត្តញាប់ញ័រព្រោះពន្លឺ ១ ញាណ ១ បីតិ ១ បស្សទ្ធិ ១ សុខ ១ ញាប់ញ័រព្រោះអធិមោក្ខ ១ បគ្គាហៈ ១ ឧបដ្ឋានៈ ១ ការពិចារណាដោយឧបេក្ខាក្នុងឧបេក្ខា ១ និក្កន្តិ ១ ភិក្ខុណា សន្សំបញ្ញាហើយ ភិក្ខុនោះ ឈ្មោះថាជាអ្នកឆ្លៀវឆ្លាស ចំពោះឧទ្ធច្ចៈក្នុងធម៌ រមែងមិនដល់នូវសេចក្តីវង្វេង ទាំងដឹងច្បាស់នូវការប្រមូលចិត្ត និងការរាយមាយ ដោយហេតុ ៤ នេះ គឺចិត្តភាវនា ញាប់ញ័រ សៅហ្មង ឃ្លាត ១ ចិត្តភាវនា ញាប់ញ័រ សៅហ្មង សាបសូន្យ ១ ចិត្តភាវនា បរិសុទ្ធ មិនសៅហ្មង មិនសាបសូន្យ ១ ចិត្តភាវនា មិន រាយមាយ មិនសៅហ្មង មិនឃ្លាត ១ និងការច្រួលច្រាល់ ដោយហេតុ ១០ យ៉ាង។
ចប់ យុគនទ្ធកថា។