ព្រះត្រៃបិដក ភាគ ៧១
មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណ ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា តថាគត បានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ឧបាទានក្ខន្ធ ៥ នេះ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលណោះ តថាគតទើបប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មួយទៀត ញាណជាគ្រឿងឃើញ កើតហើយដល់តថាគតថា ចេតោវិមុត្តិរបស់តថាគត មិនកម្រើកទេ នេះជាជាតិទីបំផុត ឥឡូវនេះ ភពថ្មី មិនមានឡើយ។
[២៥] ការត្រាស់ដឹង ដោយអំណាចនៃការលះថា សុខ សោមនស្ស កើតឡើង ព្រោះអាស្រ័យរូប នេះ ជាអានិសង្សរបស់រូប ដូច្នេះ ឈ្មោះថាសមុទយសច្ច ការត្រាស់ដឹង ដោយអំណាចនៃការកំណត់ដឹងថា រូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ ជាទោសរបស់រូប ដូច្នេះ ឈ្មោះថា ទុក្ខសច្ច
ID: 637641086367591781
ទៅកាន់ទំព័រ៖