ព្រះត្រៃបិដក ភាគ ៧១
ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ ប្រសិនបើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះ ជាបច្ច័យ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចទូសំពត់របស់ព្រះរាជា ឬរបស់រាជមហាមាត្យ ជារបស់ពេញដោយសំពត់ ដែលគេជ្រលក់ដោយពណ៌ផ្សេង ៗ ព្រះរាជា នោះប្រាថ្នានឹងទ្រង់នូវគូនៃព្រះពស្ត្រណា អស់បុព្វណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រ នោះឯង អស់បុព្វណ្ហសម័យ ប្រាថ្នានូវគូនៃព្រះពស្ត្រណា អស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យ ក៏ទ្រង់នូវគូនៃព្រះពស្ត្រនោះឯង អស់សាយណ្ហសម័យ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោទាំងឡាយ មានឧបមេយ្យដូចជា បណ្តាពោជ្ឈង្គទាំង ៧ នេះ ខ្ញុំប្រាថ្នានៅអស់បុព្វណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់បុព្វណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ ខ្ញុំប្រាថ្នានៅអស់មជ្ឈន្តិកសម័យ អស់សាយណ្ហសម័យដោយពោជ្ឈង្គណា ៗ ខ្ញុំក៏នៅអស់សាយណ្ហសម័យ ដោយពោជ្ឈង្គនោះ ៗ
ID: 637641108654154327
ទៅកាន់ទំព័រ៖