ព្រះត្រៃបិដក ភាគ ៧១
ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ។បេ។ ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ខ្ញុំក៏មានការដឹងថា និរោធជាធម៌ប្រមាណមិនបាន ទាំងខ្ញុំមានការដឹងថា និរោធជាធម៌ប្រារព្ធសេចក្តីស្ងប់ប្រពៃ ខ្ញុំកាលប្រព្រឹត្តឧបេក្ខាសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គកំពុងឋិតនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ របស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ។
[៤១] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ តើដូចម្តេច។ និរោធប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះ ប្រៀបដូចប្រទីបប្រេងដែលកំពុងឆេះ មានអណ្តាតភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មានឧបមាយ៉ាងណា និរោធ ប្រាកដឡើងត្រឹមណា ពោជ្ឈង្គថា បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះ មានឧបមេយ្យយ៉ាងនោះឯង។
ID: 637641108958841910
ទៅកាន់ទំព័រ៖