ព្រះត្រៃបិដក ភាគ ៧១

 សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​រំពឹង​នូវ​សង្ខារ ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​មិន​រំពឹង​នូវ​និរោធ ១ នេះ​សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ដោយ​អាការ ៨ យ៉ាង ខ្ញុំ​កាល​ប្រព្រឹត្ត​នូវ​សតិ​សម្ពោ​ជ្ឈង្គ ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​កំពុង​ឋិតនៅ បើស​តិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ យ៉ាងនេះ​ឯង។បេ។
 [៤៣] ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន ដោយ​ប្រការ​នោះ ៗ តើ​ដូចម្តេច។ និរោធ​ប្រាកដ​ត្រឹមណា ពោជ្ឈង្គ​ថា បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន​ដោយ​ប្រការ​នោះ ៗ ក៏​ត្រឹមណោះ​ដែរ ប្រៀប​ដូច​ប្រទីប​ប្រេង ដែល​កំពុង​ឆេះ មាន​អណ្តាត​ភ្លើង​ត្រឹមណា រស្មី​ក៏​ត្រឹមណោះ រស្មី​ត្រឹមណា អណ្តាត​ភ្លើង​ក៏​ត្រឹមណោះ មាន​ឧបមា​យ៉ាងណា និរោធ​ប្រាកដ​ត្រឹមណា ពោជ្ឈង្គ​ថា បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ មាន ដោយ​ប្រការ​នោះ ៗ ក៏​ត្រឹមណោះ​ដែរ។
 ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន តើ​ដូចម្តេច។ កិលេស​ទាំងឡាយ មាន​ប្រមាណ កិលេស​ទាំងអស់​ជា​គ្រឿង​គ្រប​សង្កត់ចិត្ត សង្ខារ​ទាំងឡាយ ជា​គ្រឿង​នាំ​សត្វ​ទៅ​កើត​ក្នុង​ភព​ថ្មី ឯនិរោធ​ជា​ធម៌​ប្រមាណ​មិនបានទេ ព្រោះ​អត្ថ​ថា​ជា​អសង្ខតធម៌ និរោធ​ប្រាកដ​ត្រឹមណា ពោជ្ឈង្គ​ថា និរោធ ជា​ធម៌​ប្រមាណ​មិនបាន ត្រឹមណោះ​ដែរ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637641109943529390
ទៅកាន់ទំព័រ៖