ព្រះត្រៃបិដក ភាគ ៧១
យុគនទ្ធវគ្គ មេត្តាកថា
សាវត្ថីនិទាន
[៤៥] ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ នឹងមានអានិសង្ស ១១ ជាប្រាកដ អានិសង្សទាំង ១១ តើដូចម្តេចខ្លះ គឺ មេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនយល់សប្តអាក្រក់ ១ ជាទីស្រឡាញ់នៃមនុស្សទាំងឡាយ ១ ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ ១ ពួក ទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី រមែងមិនប៉ះពាល់ ១ បុគ្គលនោះ តម្កល់ចិត្តនៅនឹងដ៏ឆាប់រហ័ស ១ មានសម្បុរមុខស្រស់បស់ ១ មិនវង្វេងធ្វើមរណកាល ១ កាលបើមិនទាន់បានត្រាស់ដឹងនូវមគ្គផលទេ គង់បានទៅកើតឯព្រហ្មលោក ១ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយម៉ត់ចត់ ប្រារព្ធល្អហើយ តែងមានអានិសង្ស ១១ នេះឯងជាប្រាកដ។
ID: 637641110930248118
ទៅកាន់ទំព័រ៖