ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ អភិ​សមយ​កថា


 [១៦៦] សំនួរ​ត្រង់ ពាក្យ​ថា ការ​ត្រាស់​ដឹង តើ​បុគ្គល​ត្រាស់​ដឹង ដោយ​ធម្មជាត​អ្វី។ បុគ្គល​ត្រាស់​ដឹង​ដោយចិត្ត។ បើ​បុគ្គល​ត្រាស់​ដឹង​ដោយចិត្ត ដូច្នោះ បុគ្គល​មិន​មាន​ញាណ​ក៏​ត្រាស់​ដឹង។ បុគ្គល​មិន​មាន​ញាណ​មិន​ត្រាស់​ដឹង​ទេ ត្រាស់​ដឹង​តែ​ដោយ​ញាណ។ បើ​បុគ្គល​ត្រាស់​ដឹង​ដោយ​ញាណ ដូច្នោះ បុគ្គល​មិន​មានចិត្ត ក៏​ត្រាស់​ដឹង។ បុគ្គល​មិន​មានចិត្ត​មិន​ត្រាស់​ដឹង​ទេ ត្រាស់​ដឹង​ដោយចិត្ត​ផង ដោយ​ញាណ​ផង។ បើ​បុគ្គល​ត្រាស់​ដឹង​ដោយចិត្ត​ផង ដោយ​ញាណ​ផង ដូច្នោះ​បុគ្គល ត្រាស់​ដឹង​ដោយ​កាមាវចរចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង​ដោយ​កាមាវចរចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ​បុគ្គល​ត្រាស់​ដឹង​ដោយ​រូបាវចរចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល​មិន​ត្រាស់​ដឹង ដោយ​រូបាវចរចិត្ត​ផង ដោយ​ញាណ​ផង​ទេ។ ដូច្នោះ​បុគ្គល​ត្រាស់​ដឹង ដោយ​អរូបាវចរចិត្ត​ផង ដោយ​ញាណ​ផង។ បុគ្គល មិន​ត្រាស់​ដឹង​ដោយ​អរូបាវចរចិត្ត​ផង ដោយ​ញាណ​ផង​ទេ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637641177417615500
ទៅកាន់ទំព័រ៖