ព្រះត្រៃបិដក ភាគ ៧១
បញ្ញាវគ្គ សមសីសកថា
[១៩៤] បញ្ញា គឺការមិនតាំងឡើង ព្រោះការផ្តាច់ផ្តិលដោយប្រពៃ ព្រោះការរលត់នៃធម៌ទាំងពួង ឈ្មោះថា សមសីសដ្ឋញ្ញាណ (ញាណក្នុងអត្ថថាស្ងប់ និងជាប្រធាន)។
ពាក្យថា ធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ កុសលធម៌ អកុសលធម៌ អព្យាកតធម៌ កាមាវចរធម៌ រូបាវចរធម៌ អរូបាវចរធម៌ អបរិយាបន្នធម៌។
ពាក្យថា ការផ្តាច់ផ្តិលដោយប្រពៃ អធិប្បាយថា ផ្តាច់ផ្តិលដោយប្រពៃនូវកាមច្ឆន្ទៈដោយនេក្ខម្មៈ ផ្តាច់ផ្តិលដោយប្រពៃនូវព្យាបាទ ដោយមិនមានព្យាបាទ ផ្តាច់ផ្តិលដោយប្រពៃនូវថីនមិទ្ធៈ ដោយអាលោកសញ្ញា ផ្តាច់ផ្តិលដោយប្រពៃនូវឧទ្ធច្ចៈ ដោយការមិនរាយមាយ ផ្តាច់ផ្តិលដោយប្រពៃនូវវិចិកិច្ឆា ដោយការកំណត់នូវធម៌ ផ្តាច់ផ្តិលដោយប្រពៃនូវអវិជ្ជា ដោយញាណ ផ្តាច់ផ្តិលដោយប្រពៃនូវសេចក្តីមិនត្រេកអ ដោយបាមុជ្ជៈ ផ្តាច់ផ្តិលដោយប្រពៃនូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន។បេ។ ផ្តាច់ផ្តិលដោយប្រពៃនូវកិលេសទាំងពួង ដោយអរហត្តមគ្គ។
ID: 637641210382303034
ទៅកាន់ទំព័រ៖