ព្រះត្រៃបិដក ភាគ ៧២
ព្រះរាជាបរិបូណ៌ដោយអង្គទាំងឡាយនុ៎ះហើយ ទើបហៅថាក្សត្រិយ៍ បុរសទាំងនោះ តែងរក្សាព្រះរាជានោះ សព្វៗ កាល ដូចសត្វចាក្រពាក រក្សាក្រុមញាតិ ដែលដល់សេចក្តីទុក្ខ។ បពិត្រព្រះអង្គ មានព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វលោក ព្រមទាំងទេវលោក ដូចក្សត្រិយ៍ដែលកម្ចាត់សត្រូវហើយ ដូច្នោះដែរ។ ព្រះធម្មរាជនោះ ទ្រង់ញាំញីនូវពួកតិរ្ថិយទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធការដ៏ងងឹត រួចហើយកសាងធម្មនគរ។ បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរនោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គជាក្លោងទ្វារ មានសទ្ធារបស់ព្រះអង្គ ជាសសរខឿន មានការសង្រួមជានាយឆ្មំាទ្វារ។ បពិត្រព្រះមុនី សតិប្បដ្ឋានជាប៉ម បញ្ញារបស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទជាផ្លូវត្រឡែងកែង ថ្នល់គឺពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់និមិ្មតទុកល្អហើយ។ ព្រះសូត្រ ព្រះអភិធម្ម និងព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នុ៎ះ ជាធម្មសភារបស់ព្រះអង្គ។
ID: 637641361625225291
ទៅកាន់ទំព័រ៖