ព្រះត្រៃបិដក ភាគ ៧២
សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ និងការរំលត់ទុក្ខ នេះជាធម្មកុដិរបស់ព្រះអង្គ។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំងទុកហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថាសារីបុត្ត ជាធម្មសេនាបតីរបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណ គឺប្រាជ្ញាដែលដឹងនូវចុតិ និងបដិសន្ធិរបស់សត្វ ដល់នូវត្រើយនៃឫទ្ធិ មានឈ្មោះថា កោលិត ជាបុរោហិតរបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈឈ្មោះកស្សប អ្នកទ្រទ្រង់វង្សបុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ មានការកម្ចាត់បង់នូវទោសជាដើម គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សារបស់ព្រះអង្គ។ បពិត្រព្រះមុនី ព្រះថេរៈជាពហូស្សុត អ្នកទ្រទ្រង់ធម៌ ចេះចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថាអានន្ទ ជាអ្នករក្សាធម៌របស់ព្រះអង្គ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ទ្រង់ប្រទានការវិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយ សម្តែងហើយដល់ខ្ញុំព្រះអង្គ រំលងព្រះថេរៈទាំងអស់នុ៎ះ។
ID: 637641370032726050
ទៅកាន់ទំព័រ៖