ព្រះត្រៃបិដក ភាគ ៧២
ពុទ្ធសាវ័កណាមួយ សួរបញ្ហាក្នុងវិន័យ (នឹងខ្ញុំព្រះអង្គ) ខ្ញុំព្រះអង្គមិនបាច់គិតក្នុងបញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តីនោះតែម្តង។ ពុទ្ធក្ខេត្ត កំណត់ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណា នឹងស្មើដោយខ្ញុំព្រះអង្គក្នុងវិន័យ តើនឹងមានភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណា។ ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ហើយទ្រង់ប្រកាសយ៉ាងនេះថា ភិក្ខុណាមួយជាអ្នកស្មើដោយឧបាលិ ក្នុងវិន័យ និងខន្ធកៈ មិនមានឡើយ។ សត្ថុសាសនាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយ ទាំងអម្បាលមាណ ខ្ញុំព្រះអង្គជាអ្នកឃើញឫសគល់របស់វិន័យ (កាត់បង់) នូវសេចក្តីជាប់ចំពាក់ទាំងពួង ដែលព្រះអង្គសម្តែងហើយក្នុងវិន័យ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់រំលឹកឃើញនូវអំពើរបស់ខ្ញុំ ហើយគង់ក្នុងភិក្ខុសង្ឃ ទ្រង់តម្កល់ខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះ រាប់សែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ ខ្ញុំបានដល់នូវត្រើយ ក្នុងព្រះវិន័យហើយ។
ID: 637641370251788079
ទៅកាន់ទំព័រ៖