ព្រះត្រៃបិដក ភាគ ៧២

កាលពីដើម ខ្ញុំ​ជា​នាយ​ខ្មាន់​ព្រះកេស ជា​អ្នក​បណ្តុះ​សេចក្តី​ត្រេកអរ ដល់​ពួក​សក្យៈ លះបង់​កំណើត​នោះ​ចោលចេញ បាន​មក​ជា​បុត្ត​របស់​ព្រះមហេសី​សម្ពុទ្ធ​វិញ។ ក្នុង​កប្ប​ទី ២ រាប់​អំពី​ភទ្រ​កប្ប​នេះ​ទៅ មាន​ក្សត្រិយ៍​ឈ្មោះ​អញ្ជ​សៈ មាន​តេជះ​រក​ទីបំផុត​គ្មាន មានយស​រាប់​មិនបាន ជា​ម្ចាស់ផែនដី មានទ្រព្យ​ច្រើន។ ខ្ញុំ​ជា​ព្រះរាជ​បុត្ត​របស់​ព្រះរាជា​នោះ ជា​ក្សត្រិយ៍ ឈ្មោះ​ចន្ទ​នៈ ជា​អ្នក​រឹងត្អឹង ដោយ​ស្រវឹង​ព្រោះ​ជាតិ​ផង ដោយ​ស្រវឹង​ព្រោះ​យស​ស័ក្ត និង​ភោគៈ​ផង។ មាន​ពួក​ដំរី​មា​តង្គៈ​ចំនួន ១ សែន សុទ្ធតែ​ចុះប្រេង ដោយហេតុ ៣ ប្រការ(១) ដ៏​ប្រដាប់ដោយ​គ្រឿងអលង្ការ​ទាំងពួង ចោមរោម​ខ្ញុំ​សព្វៗ កាល។ វេលា​នោះ ខ្ញុំ​មាន​ពួក​ពល​របស់​ខ្លួន​ចោមរោម​ហើយ ប្រាថ្នា​ទៅកាន់​ឧទ្យាន ឡើងជិះ​ដំរី​ឈ្មោះ​សិរិ​កៈ ចេញ​អំពី​នគរ​ទៅ។ ស្រាប់តែ​មាន​ព្រះ​បច្ចេក​សម្ពុទ្ធ ព្រះនាម​រេ​វតៈ ទ្រង់​បរិបូណ៌​ដោយ​ចរណៈ មាន​ទ្វារ​គ្រប់គ្រង សង្រួម​ល្អ បាន​និមន្ត​មក​ចំពោះមុខ​ខ្ញុំ។
(១) ដំរីចុះប្រេង បែក​អាការ​ចេញ​ប្រេង ៣កន្លែង គឺ​បែក​ក្បែរ​ភ្នែក ១ បែក​ក្បែរ​ត្រចៀក ១ បែក​ស្នាប់​ភ្លុក (កន្សោម​សាច់​ត្រង់​គល់​ភ្លុក) ១។ អដ្ឋកថា។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637641370944600302
ទៅកាន់ទំព័រ៖