ព្រះត្រៃបិដក ភាគ ៧២
វេលានោះ ខ្ញុំបានបរដំរីឈ្មោះសិរិកៈ ទៅឲ្យបៀតបៀនព្រះសម្ពុទ្ធ លំដាប់នោះ ដំរីក៏ក្រោធខឹងមិនលើកជើង។ លុះខ្ញុំឃើញដំរីមានចិត្តខឹង ក៏ក្រេវក្រោធនឹងព្រះពុទ្ធជាម្ចាស់ បៀតបៀនព្រះសម្ពុទ្ធហើយ ក៏ទៅក្នុងឱទ្យាន។ ខ្ញុំមិនបាននូវសេចក្តីសុខស្រួល ក្នុងឱទ្យាននោះ ក្បាល (របស់ខ្ញុំ) ហាក់ដូចជាភ្លើងឆេះ ខ្ញុំក្តៅអន្ទះអន្ទែងដោយសេចក្តីក្រហល់ក្រហាយ ដូចត្រីជាប់សន្ទូច។ ផែនដីដែលមានសាគរជាទីបំផុត ហាក់ដូចជាដុតកំដៅខ្ញុំ ទើបខ្ញុំចូលទៅកាន់សំណាក់នៃព្រះបិតា ហើយក្រាបបង្គំទូលថា យើងខ្ញុំបៀតបៀនព្រះពុទ្ធសយម្ភូណា ដូចបុគ្គលបៀតបៀនអាសិរពិស ដែលកំពុងក្រោធ ឬដូចបុគ្គលបៀតបៀនគំនរភ្លើង ដែលឆេះរាលមក ឬក៏ដូចបុគ្គលបៀតបៀនដំរីមានភ្លុកដែលចុះប្រេង។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានតបៈដ៏ខ្ពង់ខ្ពស់ ក្លៀវក្លា ជាព្រះជិនស្រី យើងខ្ញុំបៀតបៀនហើយ យើងខ្ញុំទាំងអស់គ្នានឹងវិនាស យើងខ្ញុំនឹងញុំាងព្រះសយម្ភូ ជាមុនីអង្គនោះ ឲ្យអត់ទោស។
ID: 637641371199287857
ទៅកាន់ទំព័រ៖