ព្រះត្រៃបិដក ភាគ ៧២
បពិត្រព្រះអង្គមានព្យាយាមធំ វេលានោះ ព្រះពុទ្ធបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយ នៅមិនទាន់រលត់ ឲ្យបន្ទោបង់ក្រវល់ក្រវាយចេញ ខ្ញុំព្រះអង្គ បានញុំាងព្រះសយម្ភូឲ្យអត់ទោស។ បពិត្រព្រះអង្គមានព្យាយាមធំ ក៏ក្នុងថ្ងៃនេះ ព្រះអង្គបានញុំាងខ្ញុំព្រះអង្គ ដែលកំពុងក្តៅក្រហាយដោយភ្លើងទាំង ៣ ឲ្យរលត់ផង ញុំាងភ្លើងទាំង ៣ ឲ្យរលត់ផង ឥឡូវនេះ ខ្ញុំព្រះអង្គបានដល់នូវភាពត្រជាក់ហើយ។ លោកទាំងឡាយណា មានការតម្កល់នូវសោតប្រសាទ លោកទាំងនោះ ចូរស្តាប់ខ្ញុំចុះ ខ្ញុំនឹងប្រាប់ប្រយោជន៍ដល់អ្នក ដូចជាចំណែកដែលខ្ញុំបានឃើញ។ ខ្ញុំបានមើលងាយព្រះសយម្ភូនោះ ដែលមានព្រះហឫទ័យស្ងប់រម្ងាប់ មានព្រះហឫទ័យខ្ជាប់ខ្ជួន ដោយកម្មនោះហើយ បានជាក្នុងថ្ងៃនេះ ខ្ញុំមកកើតក្នុងកំណើតថោកទាប។ អ្នកទាំងឡាយ កុំឲ្យខណៈឃ្លាតទៅទទេ ព្រោះបុគ្គលដែលខណៈកន្លងហើយ រមែងសោកសៅ អ្នកទាំងឡាយគប្បីព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន (ព្រោះ) ខណៈប្រាកដដល់អ្នកទាំងឡាយហើយ។
ID: 637641371976944355
ទៅកាន់ទំព័រ៖