ព្រះត្រៃបិដក ភាគ ៧២
ជនពួកខ្លះ បានថ្នាំក្អួត ជនពួកខ្លះបានថ្នាំបញ្ចុះ ជនពួកខ្លះ បានថ្នាំពិសដែលខ្លាំង ជនពួកខ្លះបានឱសថ។ ថ្នាំក្អួតសម្រាប់ពួកបុគ្គលអ្នកប្រតិបត្តិ (នូវមគ្គ) ថ្នាំបញ្ចុះសម្រាប់ពួកបុគ្គលអ្នកឋិតនៅក្នុងផល ឱសថសម្រាប់ពួកបុគ្គលអ្នកបាននូវផល ជាអ្នកស្វែងរកបុញ្ញក្ខេត្ត។ ពិសដែលខ្លាំង សម្រាប់បុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា អាសិរពិសដែលមានពិសកាច តែងដុតនរៈនោះតែមួយដង។ ពិសដ៏ខ្លាំងដែលបុគ្គលផឹកហើយ បៀតបៀនជីវិតបានតែមួយដង ឯបុគ្គលអ្នកប្រតិបត្តិខុសចាកសាសនា រមែងក្តៅក្រហាយ អស់កោដិនៃកប្ប។ គេតែងឆ្លងចាកលោក ព្រមទាំងទេវលោក ដោយការអត់ធន់ ១ ដោយការមិនបៀតបៀន ១ ដោយមានចិត្តមេត្តា ១ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។ ព្រះពុទ្ធទាំងឡាយ មានព្រះហឫទ័យស្មើដោយផែនដី មិនជាប់ចំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គល មិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះ។
ID: 637641372205381474
ទៅកាន់ទំព័រ៖