ព្រះត្រៃបិដក ភាគ ៧២
ព្រះមុនីមានហឫទ័យស្មើចំពោះសត្វទាំងពួង គឺទេវទត្ត ខ្មាន់ធ្នូ ចោរអង្គុលិមាល រាហុល និងដំរីធនបាល។ ព្រះពុទ្ធមិនមានសេចក្តីស្អប់ជនទាំងនុ៎ះ មិនមានសេចក្តីស្រឡាញ់ជនទាំងនុ៎ះទេ មានព្រះហឫទ័យស្មើ ចំពោះជនទាំងអស់ គឺចំពោះខ្មាន់ធ្នូ និងចំពោះឱរស។ បុគ្គលបើឃើញសំពត់កាសាវៈ ជាទង់ជ័យរបស់ព្រះពុទ្ធ ដែលប្រឡាក់ដោយលាមក ដែលគេចោលហើយក្នុងផ្លូវ គប្បីធ្វើអញ្ជលីថ្វាយបង្គំដោយត្បូង។ ព្រះសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយក្តី ក្នុងបច្ចុប្បន្ននេះក្តី ក្នុងអនាគតក្តី តែងបរិសុទ្ធដោយទង់ជ័យនេះ ព្រោះហេតុនោះ ព្រះសម្ពុទ្ធទាំងនុ៎ះ បុគ្គលគប្បីនមស្ការ។ ខ្ញុំចាំវិន័យដោយប្រពៃ គួរតាមអធ្យាស្រ័យរបស់ព្រះសាស្តាដោយហឫទ័យ ខ្ញុំតែងនមស្ការវិន័យនោះសព្វៗ កាល។ វិន័យជាទីអាស្រ័យ វិន័យជាទីឈរ ទាំងជាទីចង្រ្កមរបស់ខ្ញុំ ខ្ញុំតែងដេកនៅក្នុងវិន័យ វិន័យជាទីគោចរ របសខ្ញុំ។
ID: 637641372422569356
ទៅកាន់ទំព័រ៖