ព្រះត្រៃបិដក ភាគ ៧២

 ពួក​ទេវតា​ទាំងអស់ បានដឹង​នូវ​ព្រះពុទ្ធដីកា របស់​ព្រះសម្ពុទ្ធ ហើយក៏​មក​ជួបជុំគ្នា (ដោយ​ពាក្យ​ថា) ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​ស្តេច​មក​ហើយ ពួក​យើង​នឹង​ស្តាប់ធម៌​នោះ។ ព្រះ​លោកនាយក ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ ព្រះអង្គ​ឃើញ​កាល​វែង ទ្រង់​សម្តែង​សំឡេង​របស់ខ្ញុំ ក្នុង​ទី​ចំពោះមុខនៃ​ទេវតា​ទាំងឡាយ​នោះ ដែល​មាន​សេចក្តី​រីករាយ​ប្រព្រឹត្តទៅ​ខាងមុខ ដូច្នេះ​ថា
 ផ្កាឈូក​នេះ ដែល​ស្តេចម្រឹគ​ណា ថ្វាយ​ហើយ​ក្តី សីហនាទ ដែល​ស្តេចម្រឹគ​ណា បន្លឺ​ឡើង​ហើយ​ក្តី តថាគត​នឹង​សម្តែង​សរសើរ​នូវ​ស្តេចម្រឹគ​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​សម្តែង​ចុះ។ ស្តេចម្រឹគ​នោះ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ ជាធំ​ក្នុង​ទ្វីប​ទាំង ៤ បរិបូណ៌​ដោយ​កែវ ៧ ប្រការ ក្នុង​កប្ប​ទី ៨ អំពី​កប្ប​នេះ។ ឯស្តេច​ចក្រពត្តិ (នោះ) ទ្រង់ព្រះ​នាម​បទុមៈ មាន​កម្លាំង​ច្រើន នឹង​បាន​សោយរាជ្យ ជាធំ​លើ​ផែនដី ប្រមាណ ៦៤។ កន្លងទៅ​មួយ​សែន​កប្ប​ទៀត ព្រះ​សាស្តា ព្រះនាម​គោត​មៈ ទ្រង់​កើត​ក្នុង​ឱក្កា​កត្រកូល នឹង​បាន​ត្រាស់​ដឹង​ក្នុង​លោក។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637641374199160872
ទៅកាន់ទំព័រ៖