ព្រះត្រៃបិដក ភាគ ៧២

បុរស​នេះ នឹង​ទៅ​អំពី​លោក​នេះ​ហើយ នឹង​គ្រប់គ្រង​ឋាន​តុសិត សោយ​ទិព្វ​សម្បត្តិ មាន​ពួក​ស្រី​អប្សរ​ចោមរោម។ មិន​តែប៉ុណ្ណោះ បុរស​នេះ នឹង​បាន​សោយរាជ្យ ជា​ស្តេច​នៃ​ទេវតា អស់ ៣៤ ដង នឹង​បាន​ជាធំ​ជាង​ពួក​នរៈ គ្រប់គ្រង​ផែនដី ៨ រយ​ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៥៨ ដង (រួចពី​នោះ) នឹង​បាន​សោយ​ប្រទេស​រាជ្យ ដ៏​ធំ​ទូលាយ​លើ​ផែនដី។ កន្លងទៅ​មួយ​សែន​កប្ប​ទៀត ព្រះ​សាស្តា​ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល នឹង​បាន​ត្រាស់​ដឹង​ក្នុង​លោក។ បុរស​នេះ នឹង​បាន​ជា​ព្រះ​ញាតិ​ផៅពង្ស​នៃ​ព្រះពុទ្ធ ជា​ទង់​ក្នុង​ត្រកូល​របស់​ពួក​សក្យៈ មាន​នាម​ថា​អានន្ទ ជា​ឧបដ្ឋាក​របស់​ព្រះពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ធំ។ នឹងជា​អ្នកមាន​ព្យាយាម មាន​ប្រាជ្ញា​ចាស់ វាងវៃ​ក្នុង​សភាព​ជា​ពហុស្សូត ប្រព្រឹត្ត​ឱនលំទោន មិន​រឹងត្អឹង ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ទាំងអស់។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637641375963223515
ទៅកាន់ទំព័រ៖