ព្រះត្រៃបិដក ភាគ ៧២
សីហាសនិយវគ្គ ទី២
សីហាសនទាយកត្ថេរាបទាន ទី១
[១៣] កាលព្រះលោកនាថព្រះនាមសិទ្ធត្ថៈ ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់បរិនិព្វានហើយ កាលពាក្យជាប្រធានគឺសាសនា ផ្សាយទៅហើយក្នុងជនច្រើន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានកសាងសីហាសនៈ លុះកសាងសីហាសនៈរួចហើយ ខ្ញុំធ្វើតាំងរងព្រះបាទទៀត។ កាលបើភ្លៀងបង្អុរចុះលើសីហាសនៈ ខ្ញុំក៏ធ្វើរោងលើសីហាសនៈនោះ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតក្នុងឋានតុសិត។ វេលានោះ វិមានមានបណ្តាយ ២៤ យោជន៍ ទទឹង ១៤ យោជន៍ ដែលបុញ្ញកម្មតាក់តែងឡើងសម្រាប់ខ្ញុំ។ ក្នុងវិមាននោះ មានកញ្ញា ៧ ពាន់ តែងចោមរោមខ្ញុំសព្វៗ កាល មានទាំងបល្ល័ង្កជាវិការៈនៃមាស ដែលបុញ្ញកម្មនិម្មិតល្អហើយ។
ID: 637641377172910893
ទៅកាន់ទំព័រ៖