ព្រះត្រៃបិដក ភាគ ៧២

ឯភិក្ខុ​ជា​បង ក៏​បណ្តេញ​ខ្ញុំ​ថា លោក​ចូរ​ទៅកាន់​ផ្ទះ​របស់​ខ្លួន​ឥឡូវនេះ​ចុះ។ ខ្ញុំ​នោះ ដែល​ត្រូវ​បង​បណ្តេញ​ចេញ​ហើយ ក៏​តូចចិត្ត បាន​ទៅ​ឈរ​អែប​ត្រង់​ក្លោងទ្វារ​នៃ​អារាម​របស់​សង្ឃ​នោះ ឥតមាន​សេចក្តី​អាឡោះអាល័យ​ក្នុង​សមណភេទ​ឡើយ។ គ្រានោះ ព្រះ​សាស្តា​ស្តេច​មកដល់​ទីនោះ​ហើយ អង្អែល​សីសៈ​របស់ខ្ញុំ ចាប់​ខ្ញុំ​ត្រង់​ដើមដៃ ហើយ​នាំចូល​ទៅកាន់​អារាម​នៃ​សង្ឃ​វិញ។ ព្រះ​សាស្តា​បាន​ប្រទាន​សំពត់​ជូត​ជើង​ដល់​ខ្ញុំ ហើយ​ទ្រង់​ត្រាស់​ដោយ​សេចក្តី​អនុគ្រោះ​ថា អ្នក​ចូរ​អធិដ្ឋាន​សំពត់​ដ៏​ស្អាត យ៉ាងនេះ​ចុះ សំពត់​នេះ​តថាគត​អធិដ្ឋាន​ហើយ ក្នុង​ទី​ដ៏​សមគួរ។ ខ្ញុំ​ក៏បាន​ទទួលយក​សំពត់​នោះ ដោយដៃ​ទាំងពីរ ហើយ​នឹក​នូវ​កម្មដ្ឋាន មាន​ផ្កាឈូក​ក្រហម​ជា​អារម្មណ៍ ចិត្ត​របស់ខ្ញុំ​ក៏​រួច​ស្រឡះ (ចាក​កិលេស) ក្នុង​ទីនោះ ខ្ញុំ​បាន​ដល់​អរហត្តផល​ហើយ។ ខ្ញុំ​បាន​ដល់​នូវ​បារមី​ញាណ​ក្នុង​ទី​ទាំងពួង ក្នុង​កាយ​ដ៏​សម្រេច​ដោយចិត្ត ហើយ​កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637641380185723332
ទៅកាន់ទំព័រ៖