ព្រះត្រៃបិដក ភាគ ៧២
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចុល្លបន្ថកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចុល្លបន្ថកត្ថេរាបទាន។
បិលិន្ទវច្ឆត្ថេរាបទាន ទី៥
[១៧] កាលព្រះលោកនាថ ព្រះនាមសុមេធៈ ទ្រង់ជាអគ្គបុគ្គល ទ្រង់បរិនិព្វានហើយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើនូវការបូជាព្រះស្តូប។ ព្រះខីណាស្រពទាំងឡាយណា ដែលបានអភិញ្ញា ៦ មានឫទ្ធិច្រើន នៅក្នុងទីនោះ ខ្ញុំក៏បានប្រជុំព្រះខីណាស្រពទាំងនោះ ក្នុងទីនោះ ហើយបានធ្វើសង្ឃភត្ត។ កាលនោះ ព្រះថេរៈឈ្មោះសុមេធៈ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគព្រះនាមសុមេធៈ ព្រះថេរៈនោះ បានធ្វើអនុមោទនា ក្នុងកាលនោះ។
ID: 637641380485411509
ទៅកាន់ទំព័រ៖