ព្រះត្រៃបិដក ភាគ ៧២
ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានចូលទៅក្នុងវិមាន ដែលមានស្រីអប្សរ ៨៦ ពាន់ កើតឡើងសម្រាប់ខ្ញុំ។ ពួកស្រីអប្សរនោះ ប្រព្រឹត្តតម្រូវចិត្តខ្ញុំ ដោយកាមទាំងពួងសព្វៗ កាល ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ២៥ កាលនោះ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្មោះវរុណៈ មានភោជនដ៏បរិសុទ្ធ។ មនុស្សទាំងឡាយនោះ មិនបាច់សាបព្រោះពូជ មិនបាច់ភ្ជួរដោយនង្គ័ល តែងបរិភោគស្រូវសាលី ដែលដុះក្នុងទីមិនបាច់ភ្ជួរ។ ខ្ញុំសោយរាជ្យក្នុងអត្តភាពជាមនុស្សនោះហើយ ក៏បានទៅកាន់អត្តភាពជាទេវតាម្តងទៀត ការបរិបូណ៌ដោយភោគៈបែបនេះ ក៏កើតឡើងសម្រាប់ខ្ញុំក្នុងកាលនោះ។ សត្វទាំងអស់ ទោះបីជាមិត្តក្តី មិនមែនជាមិត្តក្តី មិនដែលបៀតបៀនខ្ញុំ ខ្ញុំរមែងជាទីស្រឡាញ់នៃសត្វទាំងពួង នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣០ ពាន់ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃគ្រឿងក្រអូប និងគ្រឿងលាប។
ID: 637641380703535849
ទៅកាន់ទំព័រ៖