ព្រះត្រៃបិដក ភាគ ៧២
ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲ្យមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រោះតថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខ និងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជាអ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការមិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ។
ID: 637641335853920323
ទៅកាន់ទំព័រ៖