ព្រះត្រៃបិដក ភាគ ៧២
ព្រះសម្ពុទ្ធ ព្រះនាមបិយទស្សី ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ព្រះអង្គមានភិក្ខុព្រះខីណាស្រពជាបរិវារ ដែលមានឥន្រ្ទិយទូន្មានហើយដែរ ព្រះអង្គឆ្លងវដ្តសង្សារ ប្រសើរជាងពួកជនអ្នកឆ្លង ទ្រង់បានឡើងកាន់ប្រាសាទ ហើយគង់លើអាសនៈដ៏ប្រសើរ។ អាមិសៈណា ដែលខ្ញុំតាក់តែងបម្រុងទុកក្នុងផ្ទះរបស់ខ្លួន ខ្ញុំមានចិត្តជ្រះថ្លាថ្វាយអាមិសៈនោះ ចំពោះព្រះពុទ្ធដោយដៃទាំងពីររបស់ខ្លួន។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ មានសេចក្តីត្រេកអរ ធ្វើអញ្ជលីនមស្ការនូវព្រះពុទ្ធដ៏ប្រសើរថា ឱហ្ន៎ ព្រះពុទ្ធមានអានុភាពថ្លៃថ្លា។ បណ្តាភិក្ខុ ៨ អង្គ ដែលចូលមកកាន់ទីឆាន់ មានព្រះខីណាស្រពច្រើនអង្គនេះ ជាអានុភាពរបស់ព្រះអង្គ ខ្ញុំសូមដល់នូវព្រះអង្គជាទីពឹង។ ព្រះមានព្រះភាគ ព្រះនាមបិយទស្សី ជាច្បងក្នុងលោក ជានរាសភៈ គង់ក្នុងភិក្ខុសង្ឃ ហើយសម្តែងគាថាទាំងនេះថា
កុលបុត្តណា បាននិមន្តព្រះសង្ឃ ជាអ្នកមានចិត្តត្រង់ មានចិត្តនឹងនួន ព្រមទាំងតថាគតជាព្រះសម្ពុទ្ធ ឲ្យឆាន់ស្កប់ស្កល់ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។
ID: 637641385162448892
ទៅកាន់ទំព័រ៖