ព្រះត្រៃបិដក ភាគ ៧២
សុភូតិវគ្គ ទី៣
សុភូតិត្ថេរាបទាន ទី១
[២៣] មានភ្នំមួយឈ្មោះនិសភៈ នៅជិតព្រៃហិមពាន្ត អាស្រមរបស់ខ្ញុំ ទាំងបណ្ណសាលារបស់ខ្ញុំ គេសង់ល្អហើយ ក្បែរភ្នំនោះ។ ក្នុងកាលនោះ ខ្ញុំជាជដិល ឈ្មោះកោសិយៈ មានតបៈដ៏ឧក្រិដ្ឋ ប្រព្រឹត្តតែម្នាក់ឯង ឥតមានបុគ្គលជាទីពីរ អាស្រ័យនៅនាភ្នំនិសភៈ។ ខ្ញុំមិនបរិភោគផ្លែឈើ មើមឈើ និងស្លឹកឈើទេ ខ្ញុំចិញ្ចឹមជីវិតដោយផ្លែឈើជ្រុះឯង ក្នុងវេលាព្រឹក។ ខ្ញុំស៊ូលះបង់ជីវិត មិនញុំាងអាជីវៈឲ្យកម្រើក ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យរីករាយ ចៀសវាងនូវអនេសនៈ។ ចិត្តរបស់ខ្ញុំប្រកបដោយរាគៈ កើតឡើងក្នុងកាលណា ខ្ញុំពិចារណាដោយខ្លួនឯង ខ្ញុំតែម្នាក់ឯងទូន្មាននូវចិត្តនោះ ក្នុងកាលនោះថា អ្នកឯងនៅតែត្រេកអរក្នុងអារម្មណ៍ ដែលគប្បីត្រេកអរផង ប្រទុស្តក្នុងអារម្មណ៍ដែលគប្បីប្រទុស្តផង វង្វេងក្នុងអារម្មណ៍ដែលគប្បីវង្វេងផង អ្នកចូរចៀសចេញចាកព្រៃទៅ។
ID: 637641386046355090
ទៅកាន់ទំព័រ៖