ព្រះត្រៃបិដក ភាគ ៧២
ប្រទេសនេះ ជាលំនៅរបស់ពួកបុគ្គលជាអ្នកស្អាត ដែលមិនមានមន្ទិល មានតបធម៌ អ្នកកុំប្រទុស្តទីស្អាតនេះឡើយ អ្នកចូរចៀសចេញចាកព្រៃទៅ។ បើអ្នកជាគ្រហស្ថ នឹងបាននូវគូប្រកបក្នុងកាលណា អ្នកកុំធ្វើជនទាំងពីរនាក់ឲ្យអាក់អន់ឡើយ (ក្នុងកាលនោះ) អ្នកចូរចៀសចេញចាកព្រៃទៅ។ ឧសដែលគេដុតសាកសពហើយ ជារបស់ធ្វើកិច្ចមិនបានក្នុងទីណាមួយ គឺមិនបានការក្នុងស្រុក ឬក្នុងព្រៃ ព្រោះថាឧសនោះ គេមិនសន្មតថាជាឧសឡើយ យ៉ាងណាមិញ។ អ្នកឯងទុកដូចជាឧស ដែលគេដុតសាកសព គឺមិនមែនជាគ្រហស្ថ មិនមែនជាបព្វជិតសង្រួមទេ ជាមនុស្សផុតចាកភេទទាំងពីរ ក្នុងថ្ងៃនេះ អ្នកចូរចៀសចេញចាកព្រៃទៅ។ ក្រែងអ្នកគប្បីមានអំពើនុ៎ះឬ ព្រោះអ្នកណានឹងដឹងនូវអំពើរបស់អ្នកនេះ អ្នកនឹងនាំទៅនូវធុរៈ ចាកភាពនៃយើង ដែលជាអ្នកច្រើនដោយសេចក្តីខ្ជិលច្រអូស យ៉ាងឆាប់។ អ្នកប្រាជ្ញទាំងឡាយ នឹងខ្ពើមរអើមអ្នក ដូចអ្នកក្រុងខ្ពើមរអើមវត្ថុមិនស្អាត ឥសីទាំងឡាយ នឹងកោះហៅអ្នកមកចោទសព្វៗ កាល។
ID: 637641386282293070
ទៅកាន់ទំព័រ៖