ព្រះត្រៃបិដក ភាគ ៧២
ជាតរូបក្លែងក្លាយ ចាយមិនដាច់ក្នុងទីណាមួយ យ៉ាងណា អ្នកឯងជាបុគ្គលសាបសូន្យចាកសីល នឹងចាយមិនដាច់ក្នុងទីណាមួយ យ៉ាងនោះដែរ។ អ្នកឯងកាលបើនៅគ្រប់គ្រងផ្ទះ នឹងរស់នៅដូចម្តេចបាន ព្រោះទ្រព្យជារបស់នៃមាតាក្តី ជារបស់នៃបិតាក្តី ដែលអ្នកបម្រុងទុក មិនមានទេ។ អ្នកឯងលុះតែធ្វើការងាររបស់ខ្លួនហើយ ញុំាងញើសក្នុងខ្លួនឲ្យហូរចេញ ទើបនឹងរស់នៅក្នុងផ្ទះបាន ហេតុនេះ ខ្ញុំសូមអង្វរ អ្នកកុំគាប់ចិត្តនឹងការងារនោះឡើយ។ ខ្ញុំឃាត់នូវចិត្តដែលដល់នូវសេចក្តីសៅហ្មង ក្នុងទីនោះ យ៉ាងនេះហើយ ខ្ញុំធ្វើនូវធម្មកថាផ្សេងៗ ហើយឃាត់ចិត្តចាកអំពើអាក្រក់។ កាលបើខ្ញុំនៅដោយសេចក្តីមិនប្រហែស យ៉ាងនេះ ៣០ ពាន់ឆ្នាំរបស់ខ្ញុំ កន្លងហើយក្នុងព្រៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ទ្រង់ឃើញខ្ញុំ ជាអ្នកស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ដោយសេចក្តីមិនប្រហែស ហើយស្តេចមកកាន់សំណាក់នៃខ្ញុំ។
ID: 637641387076042605
ទៅកាន់ទំព័រ៖