ព្រះត្រៃបិដក ភាគ ៧២

កាលនោះ ព្រះពុទ្ធ​មាន​ពន្លឺ​ដូចជា​សម្បុរ​នៃ​ផ្លែ​ទន្លាប់ នឹង​ប្រមាណ​មិនបាន មិន​មាន​គ្រឿង​ប្រៀប មិន​មាន​រូប​ដទៃ​ប្រាកដ​ស្មើដោយ​ព្រះ​រូប (របស់​ព្រះអង្គ) ទ្រង់​ចង្រ្កម​ឰដ៏​អាកាស។ កាលនោះ ព្រះពុទ្ធ​មិន​មាន​អ្វី​ប្រាកដ​ស្មើដោយ​ញាណ ទ្រង់​ចង្រ្កម​ឰដ៏​អាកាស ដូចជា​សាលព្រឹក្ស ដែល​មាន​ផ្ការីក​ល្អ ពុំ​នោះ​សោត ដូច​ផ្លេកបន្ទោរ ក្នុង​ចន្លោះ​នៃ​ដុំ​ពពក។ កាលនោះ ព្រះពុទ្ធ​ទ្រង់​ចង្រ្កម​ឰដ៏​អាកាស ដូចជា​ស្តេច​សីហៈ​មិន​មាន​សេចក្តី​ព្រឺព្រួច ឬដូច​ស្តេច​ដំរី ដែលគេ​ហាត់​បាន​ហើយ ពុំ​នោះ​សោត ដូច​ស្តេចខ្លា ដែល​មិន​មាន​សេចក្តី​ខ្លាច។ គ្រានោះ ព្រះសម្ពុទ្ធ​មាន​រស្មី​ដូច​មាស​ឆ្តោ​រឈ្មោះ​សិង្គិ ឬដូច​រងើកភ្លើង​ឧស​គគីរ ពុំ​នោះ​សោត ដូច​កែវមណី​មាន​រស្មី​ដ៏​រុងរឿង ទ្រង់​ចង្រ្កម​ឰដ៏​អាកាស។ គ្រានោះ ព្រះសម្ពុទ្ធ​ដូច​ភ្នំ​កៃលាស​ដ៏​បរិសុទ្ធ ឬដូច​ព្រះ​ចន្រ្ទ​ក្នុង​ថ្ងៃពេញបូណ៌​មី ពុំ​នោះ​សោត ដូច​ព្រះអាទិត្យ​តាំងនៅ​ក្នុង​ទី​ពាក់កណ្តាល (ថ្ងៃត្រង់) ទ្រង់​ចង្រ្កម​ឰដ៏​អាកាស។ គ្រានោះ ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ ដែល​កំពុង​ចង្រ្កម​ឰដ៏​អាកាស ក៏​គិត​យ៉ាងនេះ​ថា សត្វ​នេះ​ជា​ទេវតា​ឬ ឬថា​សត្វ​នេះ​ជា​មនុស្ស។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637641387317605097
ទៅកាន់ទំព័រ៖