ព្រះត្រៃបិដក ភាគ ៧២
នរៈបែបនេះលើផែនដី ខ្ញុំមិនដែលឮ មិនដែលឃើញ ទំនងជាមានចំណែកនៃមន្ត សត្វនេះប្រហែលជាសាស្តា។ ខ្ញុំលុះគិតយ៉ាងនេះហើយ ក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា គ្រានោះ ខ្ញុំប្រមូលផ្កាផ្សេងៗ និងគ្រឿងក្រអូប។ ខ្ញុំក្រាលបុប្ផាសនៈដ៏វិចិត្រល្អ ដែលជាទីរីករាយនៃចិត្ត ហើយពោលពាក្យនេះទៅរកព្រះមានព្រះភាគ ជាសារថីនៃនរជនដ៏ប្រសើរថា បពិត្រព្រះអង្គមានព្យាយាម អាសនៈដែលខ្ញុំព្រះអង្គក្រាលហើយនេះ សមគួរដល់ព្រះអង្គ សូមព្រះអង្គញុំាងចិត្តខ្ញុំព្រះអង្គឲ្យរីករាយ ហើយគង់លើអាសនៈជាវិការៈនៃផ្កា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ជាវិការៈនៃផ្កាដ៏ប្រសើរនោះ អស់ ៧ យប់ ៧ ថ្ងៃ ដូចជាកេសររាជសីហ៍ ឥតតក់ស្លុតឡើយ ខ្ញុំបានឈរនមស្ការ អស់ ៧ យប់ ៧ ថ្ងៃ។
ព្រះសាស្តា ព្រះអង្គប្រសើរក្នុងលោក ទ្រង់ចេញចាកសមាធិ កាលនឹងទ្រង់សម្តែងនូវអំពើរបស់ខ្ញុំ ទ្រង់ត្រាស់ដូច្នេះថា អ្នកចូរចម្រើននូវពុទ្ធានុស្សតិ ដែលជាគុណជាតិដ៏ប្រសើរ ជាងការចម្រើននូវអនុស្សតិទាំងឡាយដទៃ។
ID: 637641387592917646
ទៅកាន់ទំព័រ៖