ព្រះត្រៃបិដក ភាគ ៧២

លុះ​អ្នក​ចម្រើន​នូវ​ពុទ្ធានុស្សតិ​នេះ​ហើយ នឹង​បាន​ញុំាង​ចិត្ត​ឲ្យ​ពេញ នឹង​រីករាយ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប។ អ្នក​នឹង​បាន​សោយ​ទេវ​រាជ្យ ជាធំ​ជាង​ទេវតា អស់ ៨០ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ ក្នុង​ដែន​អស់​មួយ​ពាន់​ដង។ នឹង​បាន​ជា​ស្តេច​ក្នុង​ប្រទេស​ដ៏​ធំ​ទូលាយ សោយ​នូវ​សម្បត្តិ​ទាំងអស់​នោះ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប នេះ​ជា​ផល​នៃ​ពុទ្ធានុស្សតិ។ អ្នក​កាលបើ​អន្ទោល​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ នឹង​បាន​នូវ​ភោគៈ​ដ៏​ច្រើន ការ​ខ្វះខាត​ដោយ​ភោគៈ​ទាំងឡាយ​របស់​អ្នក មិន​មាន​ឡើយ នេះ​ជា​ផល​នៃ​ពុទ្ធានុស្សតិ។ លុះ​កន្លងទៅ​មួយ​សែន​កប្ប ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ដឹង​ឡើង​ក្នុង​លោក។ អ្នក​នឹង​លះ​ចោល​នូវ​ទ្រព្យ ៨០ កោដិ និង​ពួក​ទាសកម្មករ​ជាច្រើន ហើយ​ទៅ​បួស​ក្នុង​សាសនា​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម​នោះ។ អ្នកមាន​ឈ្មោះថា​សុ​ភូ​តិ នឹង​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ទ្រង់​ប្រសើរ​ជាង​ពួក​សក្យ​ឲ្យ​ប្រោសប្រាណ ហើយនឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637641387811667620
ទៅកាន់ទំព័រ៖