ព្រះត្រៃបិដក ភាគ ៧២

មហាជន​មក​ជួបជុំគ្នា បូជា​ព្រះ​តថាគត ធ្វើ​ជើងថ្ករ​ដ៏​វិចិត្រ ហើយ​លើក​តម្កល់​ព្រះ​សរីរៈ។ ពួក​មហាជន​ទាំងនោះ ព្រមទាំង​ទេវតា និង​មនុស្ស លុះ​ធ្វើ​ព្រះ​សរីរកិច្ច​រួចហើយ ប្រមូល​ព្រះធាតុ​ត្រង់កន្លែង​ជើងថ្ករ​នោះ មក​ធ្វើ​ព្រះពុទ្ធ​ស្តូប។ ជាន់ទី ១ ធ្វើ​ដោយ​មាស ជាន់ទី ២ ធ្វើ​ដោយ​កែវមណី ជាន់ទី ៣ ធ្វើ​ដោយ​ប្រាក់ ជាន់ទី ៤ ធ្វើ​ដោយ​កែវផលិក។ ជាន់ទី ៥ នៃ​ព្រះ​ស្តូប​នោះ ធ្វើ​ដោយ​កែវ​ទទឹម ជាន់ទី ៦ ធ្វើ​ដោយ​កែវមរកត ខាងលើ​ធ្វើ​ដោយ​រតនៈ​គ្រប់យ៉ាង។ ទ្រនាប់​ខ្សាច់ (នៃ​ព្រះ​ស្តូប) ធ្វើ​ដោយ​កែវមណី បង្កាន់ដៃ​ធ្វើ​ដោយ​កែវ តួ​ព្រះ​ស្តូប​ធ្វើ​ដោយ​មាស​សុទ្ធ​ទាំងអស់ កំពស់​ឡើង​ទៅលើ​មួយ​យោជន៍។ កាលនោះ ទេវតា​មក​ជួបជុំគ្នា ត្រង់កន្លែង​នោះ ហើយ​ប្រឹក្សា​ជាមួយគ្នា​ថា ពួក​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ថ្វាយព្រះ​លោកនាថ ជាតា​ទិ​បុគ្គល។ ព្រះធាតុ​ឥតមាន​បែកខ្ញែក​ចេញពី​គ្នា ព្រះ​សរីរធាតុ​នៅជា​ដុំ​មួយ (បើ​ដូច្នោះ) ពួក​យើង​នឹង​ធ្វើ​ព្រះ​ស្តូប ស្រោប​លើ​ព្រះពុទ្ធ​ស្តូប​នេះ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637641388670573941
ទៅកាន់ទំព័រ៖