ព្រះត្រៃបិដក ភាគ ៧២
ពួកទេវតាបានបង្កើនកំពស់មួយយោជន៍ដទៃទៀត ដោយកែវទាំង ៧ ប្រការ ព្រះស្តូបនោះទៅជាមានកំពស់ ២ យោជន៍ តែងកម្ចាត់បង់នូវងងឹតសព្វៗ កាល។ គ្រានោះ ពួកនាគមកជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស និងទេវតា បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។ ពួកនាគទាំងនោះប្រមូលកែវឥន្ទនីល កែវមហានីល ទាំងកែវមណី មានរស្មីរុងរឿង ក្នុងទីជាមួយគ្នា ហើយស្រោបព្រះពុទ្ធស្តូប។ ព្រះពុទ្ធចេតិយទាំងមូល ប្រដាប់ដោយកែវមណី មានកំពស់ ៣ យោជន៍ តែងផ្សាយចេញនូវពន្លឺ ក្នុងកាលនោះ។ កាលនោះ ពួកគ្រុឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា និងនាគទាំងឡាយ បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ។ ពួកយើងកុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយ មិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល។
ID: 637641388963698953
ទៅកាន់ទំព័រ៖