ព្រះត្រៃបិដក ភាគ ៧២
គ្រុឌទាំងនោះបានធ្វើព្រះស្តូប ប្រដាប់ដោយកែវមណីសុទ្ធឲ្យជាគ្រឿងស្រោប មានទំហំប៉ុនគ្នា ពួកគ្រុឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យមានកំពស់កើនមួយយោជន៍ទៀត។ ព្រះពុទ្ធស្តូបទៅជាមានកំពស់ ៤ យោជន៍ រុងរឿង ញុំាងទិសទាំងអស់ឲ្យភ្លឺដូចព្រះអាទិត្យដែលរះឡើង។ កាលនោះ ពួកកុម្ភណ្ឌមកជួបជុំគ្នា ហើយប្រឹក្សាជាមួយគ្នាថា ពួកមនុស្ស ទេវតា នាគ និងគ្រុឌទាំងឡាយ បាននាំគ្នាធ្វើព្រះស្តូបដ៏ថ្លៃថ្លា ថ្វាយព្រះពុទ្ធដ៏ប្រសើរផ្សេងៗ គ្នា ពួកយើងកុំធ្វេសប្រហែសឡើយ ព្រោះមនុស្ស និងទេវតាទាំងឡាយមិនប្រហែស បើដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ព្រះអង្គជាតាទិបុគ្គល ពួកយើងនឹងស្រោបពុទ្ធចេតិយ ដោយកែវទាំងឡាយតទៅទៀត។ ពួកកុម្ភណ្ឌទាំងនោះ បានធ្វើពុទ្ធចេតិយឲ្យកើនកំពស់មួយយោជន៍ទៅទៀត ព្រះស្តូបទៅជាមានកំពស់ ៥ យោជន៍ តែងរុងរឿងក្នុងកាលនោះ។
ID: 637641389210418324
ទៅកាន់ទំព័រ៖