ព្រះត្រៃបិដក ភាគ ៧២

លំដាប់នោះ ពួក​យក្ខ​មក​ជួបជុំគ្នា ត្រង់កន្លែង​ព្រះ​ស្តូប​នោះ ហើយ​ប្រឹក្សា​ជាមួយគ្នា​ថា ពួក​មនុស្ស ទេវតា នាគ កុម្ភណ្ឌ និង​គ្រុឌ​ទាំងឡាយ បាន​ធ្វើ​ព្រះ​ស្តូប​ដ៏​ថ្លៃថ្លា ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ផ្សេងៗ គ្នា ពួក​យើង​កុំ​ធ្វេសប្រហែស​ឡើយ ព្រោះ​មនុស្ស និង​ទេវតា​ទាំងឡាយ មិន​ប្រហែស ពួក​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ថ្វាយព្រះ​លោកនាថ ព្រះអង្គ​ជាតា​ទិ​បុគ្គល ពួក​យើង​នឹង​ស្រោប​ពុទ្ធ​ចេតិយ ដោយ​កែវផលិក​តទៅទៀត។ ពួក​យក្ខ​ទាំងនោះ បាន​ធ្វើ​ពុទ្ធ​ចេតិយ​ឲ្យ​កើន​កំពស់​មួយ​យោជន៍​ទៅទៀត ព្រះ​ស្តូប​ទៅជា​មាន​កំពស់ ៦ យោជន៍ តែង​រុងរឿង​ក្នុង​កាលនោះ។ គ្រានោះ ពួក​គន្ធព្វ​ប្រជុំ​ប្រឹក្សា​ក្នុង​ទី​ជាមួយគ្នា​ថា ពួក​មនុស្ស ទេវតា នាគ គ្រុឌ កុម្ភណ្ឌ និង​យក្ខ​ទាំងឡាយ ទាំងអស់គ្នា​បាន​ធ្វើ​ព្រះ​ស្តូប​ថ្វាយព្រះ​ពុទ្ធ ឯ​ពួក​យើង​មិនបាន​ធ្វើ​ព្រះ​ស្តូប​ក្នុង​ទីនោះ​ឡើយ បើ​ដូច្នោះ ពួក​យើង​នឹង​ធ្វើ​ព្រះ​ស្តូប​ថ្វាយព្រះ​លោកនាថ ព្រះអង្គ​ជាតា​ទិ​បុគ្គល។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637641389439011368
ទៅកាន់ទំព័រ៖