ព្រះត្រៃបិដក ភាគ ៧២

ពួក​គន្ធព្វ​ទាំងនោះ បាន​ធ្វើ​ថ្នាក់ ៧ ជាន់ ដរាប​តាំងពី​ទ្រនាប់​ខ្សាច់​ឡើង​ទៅ បាន​ធ្វើ​ព្រះ​ស្តូប​សុទ្ធតែ​ជា​វិការៈ​នៃ​មាស​ទាំងអស់ ក្នុង​កាលនោះ។ ព្រះ​ស្តូប​ទៅជា​មាន​កំពស់ ៧ យោជន៍​តែង​រុងរឿង ក្នុង​កាលនោះ គេ​ឥត​ដឹង​ថា​យប់​ថ្ងៃ ព្រោះ​ពន្លឺ​មាន​នៅ​សព្វៗ កាល។ ព្រះ​ចន្រ្ទ ព្រះអាទិត្យ​ព្រមទាំង​ពួក​ផ្កាយ គ្រប​សង្កត់​ពន្លឺ​ព្រះ​ស្តូប​នោះ​មិនបាន ឯប្រទីប​រុងរឿង​តែ​ក្នុង​ទី​ចម្ងាយ ១០០ យោជន៍​ជុំវិញ។ ក្នុង​កាលនោះ មនុស្ស​ទាំងឡាយ​ណាមួយ បូជា​ព្រះ​ស្តូប មនុស្ស​ទាំងនោះ​មិន​ឡើង​កាន់​ព្រះ​ស្តូប មនុស្ស​ទាំងនោះ តែង​បោះ​ទៅ​ឰដ៏​អាកាស។ មាន​យក្ខ​មួយ ឈ្មោះ​អភិ​សម្មតៈ ដែល​ពួក​ទេវតា​តាំង​ទុក​ហើយ ចាំ​ទទួល​ទង់ ឬកម្រងផ្កា​ឰដ៏​ខាងលើ។ មនុស្ស​ទាំងនោះ មិនឃើញ​យក្ខ​នោះ​ទេ ឃើញ​តែក​ម្រ​ងនៃ​ផ្កា​អណ្តែត​ទៅ លុះ​ឃើញ​កម្រងផ្កា​ទាំងនោះ​ហើយ ក៏​ដើរទៅ ពួក​មនុស្ស​ទាំងអស់​នោះ​ឯង តែង​ទៅកាន់​សុគតិ។ ពួក​មនុស្ស ទាំង​អ្នក​ខុស​ក្នុង​សាសនា ទាំង​អ្នក​ជ្រះថ្លា​ក្នុង​សាសនា ដែល​ចង់​ឃើញ​បា​ដិ​ហារ តែង​បូជា​ព្រះ​ស្តូប។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637641389730573918
ទៅកាន់ទំព័រ៖